ការកន្រ្តាក់បេះដូងថតខាងលើញាប់៖ការណែនាំអំពីការថែទាំ
Atrial Fibrillation: Care Instructions
ការណែនាំអំពីការថែទាំរបស់អ្នក

ការកន្រ្តាក់បេះដូងថតខាងលើញាប់គឺជាចង្វាក់បេះដូងលោតញាប់ និងមិនទៀងទាត់។
ការព្យាបាលស្ថានភាពនេះមានសារៈសំខាន់សម្រាប់ហេតុផលជាច្រើន។ វាអាចបណ្តាលឱ្យមានការកកឈាម
ដែលអាចធ្វើដំណើរពីបេះដូងរបស់អ្នក ទៅកាន់ខួរក្បាលរបស់អ្នក
និងបណ្តាលឱ្យមានជំងឺគ្រោះថ្នាក់លើសរសៃរឈាមខួរក្បាល។ ប្រសិនបើអ្នកមានចង្វាក់បេះដូងលោតលឿន
អ្នកអាចមានអារម្មណ៍ធីងធោង និងល្ហិតល្ហៃ។
ចង្វាក់បេះដូងលោតមិនទៀងទាត់ក៏អាចបង្កើនហានិភ័យរបស់អ្នកចំពោះជំងឺខ្សោយបេះដូងផងដែរ។
ការកន្រ្តាក់បេះដូងថតខាងលើញាប់ជាញឹកញាប់បណ្តាលមកពីស្ថានភាពជំងឺបេះដូងផ្សេងទៀត
ដូចជាសម្ពាធឈាមខ្ពស់ ឬជំងឺសរសៃឈាមបេះដូង។
ការផ្លាស់ប្តូរដើម្បីកែលម្អស្ថានភាពជំងឺបេះដូងរបស់អ្នកនឹងជួយឱ្យអ្នកមានសុខភាពល្អ និងសកម្ម។
ការថែទាំតាមដាន គឺជាផ្នែកមួយដ៏សំខាន់ សម្រាប់ការព្យាបាល និងសុវត្ថិភាពរបស់អ្នក។
សូមប្រាកដថា អ្នកណាត់ជួប និងទៅជួបគ្រូពេទគ្រប់ពេល
និងទូរសព្ទទៅវេជ្ជបណ្ឌិតរបស់អ្នកប្រសិនបើអ្នកមានបញ្ហា។
វាក៏ជាគំនិតមួយល្អដែរក្នុងការដឹងអំពីលទ្ធផលធ្វើតេស្តជំងឺរបស់អ្នក និងរក្សាទុកបញ្ជីថ្នាំដែលអ្នកប្រើ។
តើអ្នកអាចថែទាំខ្លួនអ្នកនៅផ្ទះបានដោយរបៀបណា?
ថ្នាំ
-
ប្រើប្រាស់ថ្នាំរបស់អ្នកឱ្យបានត្រឹមត្រូវទៅតាមវេជ្ជបញ្ជា។ សូមទូរសព្ទទៅវេជ្ជបណ្ឌិតរបស់អ្នក
ប្រសិនបើអ្នកមានបញ្ហាជាមួយឱសថរបស់អ្នក។
អ្នកនឹងទទួលបានព័ត៌មានលម្អិតបន្ថែមអំពីថ្នាំជាក់លាក់ដែលគ្រូពេទ្យបានចេញវេជ្ជបញ្ជា។
-
ប្រសិនបើវេជ្ជបណ្ឌិតរបស់អ្នកបានផ្តល់ឱ្យអ្នកនូវថ្នាំពង្រាវឈាមដើម្បីបង្ការគ្រោះថ្នាក់សរសៃឈាមខួរក្បាល
សូមប្រាកដថាអ្នកទទួលបានការណែនាំអំពីរបៀបប្រើថ្នាំរបស់អ្នកដោយសុវត្ថិភាព។
ថ្នាំពង្រាវឈាមអាចបណ្តាលឱ្យមានបញ្ហាហូរឈាមធ្ងន់ធ្ងរ។
-
កុំប្រើថ្នាំវីតាមីន ថ្នាំដែលគ្មានវេជ្ជបញ្ជា
ឬផលិតផលរុក្ខជាតិដោយមិនបានពិភាក្សាជាមួយនឹងវេជ្ជបណ្ឌិតរបស់អ្នកជាមុន។
ការផ្លាស់ប្តូររបៀបរស់នៅ។
-
មិនត្រូវជក់បារី។ ការជក់បារីអាចបង្កើនឱកាសនៃគ្រោះថ្នាក់សរសៃឈាមខួរក្បាល និងការគាំងបេះដូង។
ប្រសិនបើអ្នកចង់បានជំនួយផ្តាច់បារី សូមពិភាក្សាជាមួយវេជ្ជបណ្ឌិតរបស់អ្នកអំពីថ្នាំ
និងកម្មវិធីផ្តាច់បារី។ ធ្វើបែបនេះអាចបង្កើនឱកាសរបស់អ្នកក្នុងការផ្តាច់បារីជារៀងរហូត។
-
បរិភោគរបបអាហារដែលធ្វើឲ្យបេះដូងមានសុខភាពល្អ។
-
រក្សាទម្ងន់ដែលមានសុខភាពល្អ។ សម្រកទម្ងន់ ប្រសិនបើចាំបាច់។
-
កំណត់គ្រឿងស្រវឹងត្រឹម 2 កែវក្នុងមួយថ្ងៃសម្រាប់បុរស និង 1 កែវក្នុងមួយថ្ងៃសម្រាប់ស្ត្រី។
ផឹកគ្រឿងស្រវឹងច្រើនពេកអាចបណ្តាលឱ្យមានបញ្ហាសុខភាព។
-
ជៀសវាងការផ្តាសាយ និងគ្រុនផ្តាសាយធំ។ ទទួលការចាក់វ៉ាក់សាំងបង្ការជំងឺរលាកសួត។
ប្រសិនបើអ្នកធ្លាប់ចាក់ពីមុនរួច សូមសួរវេជ្ជបណ្ឌិតរបស់អ្នកថាតើអ្នកត្រូវការដូសផ្សេងទៀតដែរឬទេ។
ទទួលការចាក់វ៉ាក់សាំងបង្ការគ្រុនផ្តាសាយធំជារៀងរាល់ឆ្នាំ។
ប្រសិនបើអ្នកត្រូវតែនៅជុំវិញមនុស្សដែលផ្តាសាយ ឬគ្រុនផ្តាសាយធំ សូមលាងដៃឱ្យបានញឹកញាប់។
សកម្មភាព
-
ប្រសិនបើវេជ្ជបណ្ឌិតណែនាំវា សូមហាត់ប្រាណបន្ថែម។ ការដើរគឺជាជម្រើសមួយដ៏ល្អមួយ។
បង្កើនចំនួនជំហានដែលអ្នកដើរជារៀងរាល់ថ្ងៃបន្តិចម្ដងៗ។ ព្យាយាមយ៉ាងហោចណាស់ 30
នាទីនៅថ្ងៃភាគច្រើននៃសប្តាហ៍។ អ្នកក៏ប្រហែលជាចង់ហែលទឹក ជិះកង់ ឬធ្វើសកម្មភាពផ្សេងទៀតផងដែរ។
វេជ្ជបណ្ឌិតរបស់អ្នកអាចណែនាំឱ្យអ្នកចូលរួមក្នុងកម្មវិធីស្តារនីតិសម្បទាបេះដូង
ដូច្នេះអ្នកអាចជួយបង្កើនសកម្មភាពរាងកាយរបស់អ្នកដោយសុវត្ថិភាព។
-
ចាប់ផ្តើមធ្វើលំហាត់ប្រាណស្រាលៗ ប្រសិនបើវេជ្ជបណ្ឌិតរបស់អ្នកនិយាយថាមិនអីទេ។
ទោះបីក្នុងចំនួនតិចតួចក៏ដោយ នឹងជួយឱ្យអ្នកកាន់តែរឹងមាំ មានកម្លាំងបន្ថែម និងគ្រប់គ្រងភាពតានតឹង។
ការដើរគឺជាវិធីងាយស្រួលក្នុងការធ្វើលំហាត់ប្រាណ។
ចាប់ផ្តើមដោយការដើរច្រើនបន្តិចជាងពេលដែលអ្នកបានធ្វើនៅក្នុងមន្ទីរពេទ្យ។
បង្កើនជំហានដែលអ្នកដើរបន្តិចម្តងៗ។
-
នៅពេលអ្នកហាត់ប្រាណ សូមមើលសញ្ញាដែលបង្ហាញថាបេះដូងអ្នកខំប្រឹងពេក។
អ្នកកំពុងរុញច្រានខ្លួនអ្នកខ្លាំងពេក ប្រសិនបើអ្នកមិនអាចនិយាយខណៈពេលដែលអ្នកកំពុងហាត់ប្រាណ។
ប្រសិនបើអ្នកមានដង្ហើមខ្លី ឬវិលមុខ ឬឈឺទ្រូង សូមអង្គុយចុះ ហើយសម្រាក។
-
ពិនិត្យជីពចររបស់អ្នកជាប្រចាំ។ ដាក់ម្រាមដៃពីរនៅលើសរសៃឈាមនៅផ្នែកនៃកដៃរបស់អ្នកស្របតាមមេដៃរបស់អ្នក។
ប្រសិនបើចង្វាក់បេះដូងរបស់អ្នកហាក់ដូចជាលោតមិនស្មើគ្នា ឬលឿន សូមពិភាក្សាជាមួយវេជ្ជបណ្ឌិតរបស់អ្នក។
តើពេលណាដែលអ្នកគួរហៅសុំជំនួយ?
ទូរសព្ទ 911 គ្រប់ពេលដែលអ្នកគិតថាអ្នកអាចត្រូវការការថែទាំបន្ទាន់។ ឧទាហរណ៍
សូមទូរសព្ទប្រសិនបើ៖
-
អ្នកមានរោគសញ្ញានៃជំងឺគាំងបេះដូង។ ទាំងនេះអាចរួមមាន៖ បន្ទាប់ពីអ្នកបានហៅ 911 ប្រតិបត្តិករអាចប្រាប់អ្នកឱ្យទំពារថ្នាំមនុស្សពេញវ័យ 1 គ្រាប់
ឬថ្នាំអាស្ពីរីនដូសទាបពី 2 ទៅ 4 គ្រាប់។ រង់ចាំឡានពេទ្យ។ កុំព្យាយាមបើកបរដោយខ្លួនឯង។
-
ការឈឺទ្រូង ឬសម្ពាធលើទ្រូង ឬអារម្មណ៍ចម្លែកនៅក្នុងទ្រូង។
-
បែកញើស។
-
ការដង្ហក់។
-
ចង្អោរ ឬក្អួត។
-
ការឈឺចាប់ សម្ពាធ ឬអារម្មណ៍ចម្លែកមួយនៅខាងក្រោយ ក ថ្គាម ឬពោះផ្នែកខាងលើ ឬនៅក្នុងស្មា
ឬដៃម្ខាង ឬទាំងសងខាង។
-
អារម្មណ៍ធីងធោង ឬល្ហិតល្ហៃភ្លាមៗ។
-
ចង្វាក់បេះដូងលោតលឿន ឬមិនទៀងទាត់។
-
អ្នកមានរោគសញ្ញានៃជំងឺដាច់សរសៃឈាមខួរក្បាល។ ទាំងនេះអាចរួមមាន៖
-
ស្ពឹក ស្រពន់ ល្ហិតល្ហៃ ឬការបាត់បង់ចលនានៅត្រង់មុខ ដៃ ឬជើងរបស់អ្នកភ្លាមៗ
ជាពិសេសនៅផ្នែកម្ខាងនៃរាងកាយរបស់អ្នក។
-
ការប្រែប្រួលគំហើញភ្លាមៗ។
-
បញ្ហាភ្លាមៗក្នុងការនិយាយ។
-
ការភាន់ច្រលំភ្លាមៗ ឬបញ្ហាក្នុងការស្វែងយល់ពីសេចក្តីថ្លែងការណ៍សាមញ្ញៗ។
-
បញ្ហាភ្លាមៗជាមួយនឹងការដើរ ឬទប់លំនឹងខ្លួន។
-
ឈឺក្បាលធ្ងន់ធ្ងរភ្លាមៗដែលខុសពីការឈឺក្បាលពីមុន។
-
អ្នកបានសន្លប់ (បាត់បង់ស្មារតី)។
សូមហៅទូរសព្ទទៅវេជ្ជបណ្ឌិតរបស់អ្នកភ្លាម ឬស្វែងរកការថែទាំផ្នែកវេជ្ជសាស្ត្រជាបន្ទាន់
ប្រសិនបើ៖
-
អ្នកមានដង្ហើមខ្លីថ្មីៗ ឬកាន់តែខ្លី ។
-
អ្នកមានអារម្មណ៍វិលមុខ ឬងងឹតមុខ ឬអ្នកមានអារម្មណ៍ថាអ្នកអាចដួលសន្លប់។
-
ចង្វាក់បេះដូងរបស់អ្នកប្រែជាមិនប្រក្រតី។
-
អ្នកអាចមានអារម្មណ៍ថាបេះដូងអ្នកកន្ត្រាក់នៅក្នុងទ្រូងរបស់អ្នក ឬចង្វាក់បេះដូងលោតញាប់ពេក។
ប្រាប់គ្រូពេទ្យប្រសិនបើរោគសញ្ញាទាំងនេះថ្មី ឬខ្លាំងជាងនេះ។
តាមដានដោយយកចិត្តទុកដាក់ចំពោះការប្រែប្រួលសុខភាពអ្នក ហើយសូមប្រាកដថា អ្នកទាក់ទងទៅវេជ្ជបណ្ឌិតរបស់អ្នក
ប្រសិនបើអ្នកមានបញ្ហាសុខភាពណាមួយ។
បច្ចុប្បន្នជា: 4 តុលា 2023
កំណែមាតិកា: 14.0
ការណែនាំអំពីការថែទាំដែលត្រូវបានកែសម្រួលក្រោមអាជ្ញាប័ណ្ណដោយ
អ្នកជំនាញថែទាំសុខភាពរបស់អ្នក។ ប្រសិនបើអ្នកមានសំណួរអំពីស្ថានភាពសុខភាព ឬការណែនាំនេះ
សូមសួរអ្នកជំនាញថែទាំសុខភាពរបស់អ្នកជានិច្ច។ Healthwise, Incorporated បដិសេធការធានា
ឬការទទួលខុសត្រូវណាមួយសម្រាប់ការប្រើប្រាស់ព័ត៌មាននេះរបស់អ្នក។