Health Encyclopedia
A B C D E F G H I J K L M N O P Q R S T U V W X Y Z A-Z Listings

ជំងឺក្អកចំពោះកុមារ៖ការណែនាំអំពីការថែទាំ

Cough in Children: Care Instructions

ទិដ្ឋភាពទូទៅ​

ការក្អកគឺជារបៀបដែលរាងកាយរបស់កូនអ្នកឆ្លើយតបទៅនឹងអ្វីដែលរំខានបំពង់ក ឬផ្លូវដង្ហើមរបស់កូនអ្នក។ មានហេតុផលជាច្រើន​ដែលបណ្តាលឱ្យក្អក។ កូនរបស់អ្នកអាចក្អកដោយសារតែជំងឺផ្តាសាយ ឬរលាកទងសួត ឬជំងឺហឺត។ ផ្សែងបារី, ដំណក់ថ្នាំ​ចូលច្រមុះ, អាលែកហ្ស៊ី និងអាស៊ីតក្រពះ ហូរ​ចូលបំពង់ក ក៏អាចបណ្តាលឱ្យក្អកដែរ។

ការក្អកជារោគសញ្ញា មិនមែនជាជំងឺទេ។ ក្អកភាគច្រើននឹងបាត់នៅពេលដែល​បុព្វហេតុនៃការក្អក ដូចជាជំងឺផ្តាយសាយ​បាត់ទៅវិញ។ អ្នកអាចចាត់វិធានការពីរបីនៅផ្ទះ ដើម្បីជួយឱ្យកូនរបស់អ្នកក្អកតិច និងមានអារម្មណ៍ធូរស្បើយ។

ការ​ថែទាំតាមដាន​ គឺជា​ផ្នែកមួយដ៏សំខាន់សម្រាប់ការព្យាបាល និង​សុវត្ថិភាពកូន​របស់អ្នក។ សូមប្រាកដ​ថា អ្នកណាត់ជួប និងទៅជួបគ្រូពេទ​គ្រប់ពេល និង​​ទូរស​ព្ទ​ទៅ​វេជ្ជបណ្ឌិត​របស់អ្នក ​​ប្រសិនបើអ្នក​មានបញ្ហា។ វាក៏ជាគំនិតល្អមួយផងដែរ ដើម្បី​ដឹងអំពីលទ្ធផលតេស្តរបស់កូនរបស់​អ្នក និង​រក្សាទុកបញ្ជីថ្នាំដែលកូនរបស់អ្នកប្រើ។

តើអ្នកអាចថែទាំកូនរបស់អ្នកនៅផ្ទះបានតាម​របៀបណា?

  • ឱ្យកូនរបស់អ្នកផឹកទឹក និងវត្ថុរាវផ្សេងទៀត។ នេះអាចជួយបន្ថយការស្ងួត ឬការឈឺបំពង់ក។ ទឹកឃ្មុំ ឬទឹកក្រូ​ចឆ្មារជាមួយទឹកក្តៅ ឬតែ អាច​ជួយ​កាត់បន្ថយ​ក្អក​​ស្ងួត​បាន​។ កុំផ្តល់ទឹកឃ្មុំដល់ក្មេងអាយុក្រោម 1 ឆ្នាំ។ វាអាចផ្ទុកបាក់តេរីដែលបង្កគ្រោះថ្នាក់ដល់ទារក។

  • សូមប្រុងប្រយ័ត្នចំពោះថ្នាំក្អក និងថ្នាំផ្តាសាយ។ សូមកុំផ្តល់ថ្នាំទាំងនោះទៅក្មេងដែលមានអាយុតិចជាង 6 ខែ ព្រោះថ្នាំទាំងនោះ​មិនមានប្រសិទ្ធភាពចំពោះក្មេងដែលមានអាយុប៉ុណ្ណឹងទេ ហើយវា​អាចមានគ្រោះថ្នាក់ផងដែរ។ សម្រាប់ក្មេងដែលមានអាយុ 6 ខែឡើងទៅ ត្រូវធ្វើតាមគ្រប់ការណែនាំទាំងអស់ដោយប្រុងប្រយ័ត្ន។ សូមប្រាកដក្នុងចិត្ត អំពីបរិមាណថ្នាំដែលត្រូវផ្តល់ឲ្យក្មេង ហើយរយៈពេលយូរប៉ុនណាដែលត្រូវប្រើវា។ ហើយសូមប្រើសម្ភារៈសម្រាប់វាស់កម្រិតថ្នាំ ប្រសិនបើមានភ្ជាប់មកជាមួយ។

  • ឱ្យកូនរបស់អ្នកនៅឲ្យឆ្ងាយពីផ្សែងបារី។ ហាម​ជក់បារី ឬអនុញ្ញាតឱ្យអ្នកដទៃជក់បារីនៅជុំវិញកូនរបស់អ្នក ឬនៅក្នុងផ្ទះរបស់អ្នក។

  • ជួយកូនរបស់អ្នកឱ្យចៀសវាងការប៉ះពាល់នឹងផ្សែង ធូលី ឬការបំពុលផ្សេងៗ ឬឱ្យកូនរបស់អ្នកពាក់ម៉ាសមុខ។ ពិគ្រោះជាមួយវេជ្ជបណ្ឌិត ឬឱសថការីរបស់អ្នកដើម្បីដឹងអំពីប្រភេទម៉ាសដែលនឹងផ្តល់ឱ្យកូនរបស់អ្នកទទួលបានអត្ថប្រយោជន៍ច្រើនបំផុត។

តើពេលណាដែលអ្នកគួរហៅសុំជំនួយ?

ហៅទូរសព្ទ 911 គ្រប់ពេល​ដែល​អ្នកគិតថា​កូន​របស់​អ្នក​ប្រហែល​ជាត្រូវការការថែ ទាំបន្ទាន់។ ឧទាហរណ៍ សូមទូរសព្ទ ប្រសិនបើ៖

  • កូនរបស់អ្នកមានបញ្ហាធ្ងន់ធ្ងរក្នុងការដកដង្ហើម។ រោគសញ្ញាអាចរួមមានដូចជា៖

    • ប្រើសាច់ដុំក្បាលពោះដើម្បីដកដង្ហើម។

    • ទ្រូងផតចូលក្នុង ឬរន្ធច្រមុះរីកនៅពេលកូនរបស់អ្នកប្រឹងដកដង្ហើម។

  • ស្បែកនិងក្រចកដៃកូនរបស់អ្នកមានពណ៌ប្រផេះ ឬខៀវ។

  • កូនរបស់អ្នកក្អកធ្លាក់ឈាមច្រើន ឬមើលទៅដូចជាកាកកាហ្វេ។

សូមហៅទូរសព្ទទៅវេជ្ជបណ្ឌិតរបស់អ្នកភ្លាម ឬស្វែង​រក​ការ​ថែទាំផ្នែក​វេជ្ជសាស្ត្រជាបន្ទាន់ ប្រសិនបើ៖

  • កូនរបស់អ្នកក្អកធ្លាក់ឈាម។

  • កូនរបស់អ្នកចាប់ផ្តើមមានបញ្ហាពិបាកដកដង្ហើមថ្មី ឬបញ្ហាដកដង្ហើមកាន់តែពិបាកជាងមុន។

  • កូនរបស់អ្នកក្តៅខ្លួនថ្មី ឬក្តៅខ្លួនខ្លាំងជាងមុន។

តាមដានឲ្យបានដិតដល់រាល់ការប្រែប្រួលសុខភាពរបស់កូនអ្នក ហើយសូម​ប្រាកដ​ថាទាក់ទងទៅវេជ្ជបណ្ឌិតរបស់អ្នក ប្រសិនបើ៖

  • កូនរបស់អ្នកមានរោគសញ្ញាថ្មីដូចជា ឈឺត្រចៀក ឬឡើងកន្ទួលរមាស់។

  • កូនរបស់អ្នកក្អកកាន់តែខ្លាំង ឬកាន់តែញឹកញាប់ ជាពិសេសប្រសិនបើអ្នកកត់​សម្គាល់​ឃើញ​មានស្លេសកាន់តែច្រើន ឬស្លេសមានការប្រែពណ៌។

  • កូនរបស់អ្នកមិនបានធូរស្បើយតាមការរំពឹងទុក។

បច្ចុប្បន្នជា: 6 តុលា 2023

កំណែមាតិកា: 14.0

ការណែនាំអំពីការថែទាំដែលត្រូវបានកែសម្រួលក្រោមអាជ្ញាប័ណ្ណដោយ អ្នកជំនាញថែទាំសុខភាពរបស់អ្នក។ ប្រសិនបើអ្នកមានសំណួរអំពីស្ថានភាពសុខភាព ឬការណែនាំនេះ សូមសួរអ្នកជំនាញថែទាំសុខភាពរបស់អ្នកជានិច្ច។ Healthwise, Incorporated បដិសេធការធានា ឬការទទួលខុសត្រូវណាមួយសម្រាប់ការប្រើប្រាស់ព័ត៌មាននេះរបស់អ្នក។

© 2006-2025 Healthwise, Incorporated.
Powered by Krames by WebMD Ignite
Disclaimer