ជំងឺសរសៃឈាមបេះដូង៖ការណែនាំអំពីការថែទាំ

Coronary Artery Disease: Care Instructions

ការណែនាំអំពីការថែទាំរបស់អ្នក

បេះដូងគឺជាសាច់ដុំមួយ ហើយវា​គឺ​ដូច​គ្នា​ទៅនឹង​សាច់ដុំ​ផ្សេងទៀត​ដែរ វា​ត្រូវ​ការ​ឈាម​ដើម្បីដំណើរការបានល្អ។ ជំងឺសរសៃឈាមបេះដូងកើតឡើងនៅ​ពេលសរសៃឈាមដែលដឹកនាំឈាម​ សម្បូរ​ទៅដោយអុកស៊ីសែនទៅបេះដូងរបស់អ្នកមានការប្រមូលផ្ដុំនៃកំណក​—ដែលនាំមកចាក់ដោយជាតិ​ខ្លាញ់ និង​សារធាតុផ្សេងៗទៀត។ កំណកអាចកាត់បន្ថយលំហូរឈាមទៅសាច់ដុំបេះដូង។ នេះអាចបណ្តាលឱ្យមានរោគសញ្ញានៃការចុក​ដើមទ្រូងដូចជា ការឈឺ​ឬណែនទ្រូងជាដើម។ ជំងឺគាំងបេះដូងអាចកើតឡើងបាន ប្រសិនបើ​លំហូរឈាម​ត្រូវ​បាន​បង្អាក់​ទាំង​ស្រុង​។

អ្នកអាចធ្វើអ្វីៗជា​ច្រើន​ដើម្បីធ្វើឱ្យសុខភាពរបស់អ្នកប្រសើរឡើង និង​បង្ការ​ជំងឺ​​គាំង​បេះដូង។ ការបរិភោគអាហារដែលធ្វើឱ្យមានសុខភាពល្អ ការមិនជក់បារី ការហាត់​ប្រាណ​ជា​​ទៀងទាត់ និងការលេបថ្នាំរបស់អ្នក គឺជារឿងសំខាន់ៗ​​ដែលអ្នក​អាច​ធ្វើ​​បាន​រាល់​ថ្ងៃ​ដើម្បីមាន​សុខភាពល្អ។

ការ​ថែទាំតាមដាន​ គឺជា​ផ្នែកមួយដ៏សំខាន់ សម្រាប់ការព្យាបាល និង​សុវត្ថិភាព​របស់អ្នក។ សូមប្រាកដ​ថា អ្នកណាត់ជួប និងទៅជួបគ្រូពេទ​គ្រប់ពេល និង​ទូរស​ព្ទទៅ​វេជ្ជបណ្ឌិត​របស់អ្នក​​ប្រសិនបើអ្នក​មានបញ្ហា។ វាក៏ជាគំនិតមួយល្អដែរក្នុងការដឹងអំពីលទ្ធផលធ្វើតេស្តជំងឺ​របស់អ្នក និងរក្សាទុកបញ្ជីថ្នាំដែលអ្នកប្រើ។

តើអ្នកអាចថែទាំខ្លួនអ្នក​នៅផ្ទះបាន​តាម​របៀបណា?

ថ្នាំ

  • ប្រើថ្នាំប្រកបដោយសុវត្ថិភាព។ ប្រើប្រាស់ថ្នាំតាមវេជ្ជបញ្ជា។ សូមទូរសព្ទទៅវេជ្ជបណ្ឌិតរបស់អ្នក ប្រសិនបើអ្នកមានបញ្ហាជាមួយឱសថរបស់អ្នក។ អ្នកនឹងទទួលបានព័ត៌មានលម្អិតបន្ថែមអំពីថ្នាំជាក់លាក់ដែលគ្រូពេទ្យបានចេញវេជ្ជបញ្ជា។

  • អ្នកនឹងប្រើថ្នាំដែលកាត់​បន្ថយហានិភ័យ​នៃ​ការគាំងបេះដូង​របស់អ្នក និង​កាត់​បន្ថយ​ហានិភ័យនៃការឆាប់ស្លាប់ដោយសារជំងឺបេះដូងរបស់អ្នក។ ឱសថទាំងនេះមានដូចជា៖

    • ថ្នាំទប់ស្កាត់អង់ស៊ីមបំប្លែងអង់ស្យូតង់ស៊ីន (ACE) ឬថ្នាំទប់ស្កាត់ការទទួល​អង់​ស្យូតង់​ស៊ីន II (ARBs) ។ ថ្នាំទាំងនេះបញ្ចុះសម្ពាធឈាម។

    • ថ្នាំអាស្ពីរីន និងថ្នាំពង្រាវឈាមផ្សេងទៀត។ ពួកវាបង្ការការ​កកឈាមដែលអាចបណ្តាលឱ្យមានជំងឺគាំងបេះដូង។

    • ថ្នាំទប់ស្កាត់បេតា។ ថ្នាំទាំងនេះបន្ទាបបន្ទុកការងាររបស់បេះដូង។

    • ថ្នាំស្តាទីន និងថ្នាំកូលេស្តេរ៉ុលផ្សេងទៀត។ ពួកវាបញ្ចុះកូលេស្តេរ៉ុល។

  • ប្រសិនបើវេជ្ជបណ្ឌិត​របស់អ្នក​បានផ្តល់ឱ្យអ្នកនូវថ្នាំនីត្រូគ្លីសេរីន​សម្រាប់​រោគ​សញ្ញា​នៃ​ការចុកដើមទ្រូង (ដូចជា ការឈឺទ្រូង ឬណែនទ្រូង) សូមរក្សាទុកថ្នាំនេះនៅ​ជា​មួយ​អ្នក​គ្រប់​ពេល។ ប្រសិនបើអ្នកមានរោគសញ្ញា សូមអង្គុយចុះហើយសម្រាក ហើយលេបថ្នាំនីត្រូគ្លីសេរីនមួយលេបដំបូងទៅតាមការណែនាំ។ ប្រសិនបើរោគសញ្ញារបស់អ្នកកាន់តែអាក្រក់ ឬមិនធូរស្បើយនៅក្នុងរយៈពេល 5 នាទី សូមហៅទូរសព្ទ 911 ភ្លាមៗ ។ នៅបន្តការហៅទូរសព្ទ។ ប្រតិបត្តិករ​សង្គ្រោះបន្ទាន់នឹងផ្តល់ការណែនាំបន្ថែមទៀតដល់អ្នក។

  • កុំលេបថ្នាំ វីតាមីន ឬឱសថបុរាណដែលគ្មានវេជ្ជបញ្ជាដោយមិនបានពិភាក្សាជាមួយវេជ្ជបណ្ឌិតជាមុន។

របៀបរស់នៅ

សួរវេជ្ជបណ្ឌិត​របស់​អ្នក​ថា តើកម្មវិធីស្តារបេះដូងត្រឹមត្រូវសម្រាប់អ្នកដែរឬទេ។ ការស្តារបេះដូងឡើងវិញ អាចជួយអ្នកឱ្យផ្លាស់ប្តូររបៀបរស់នៅបាន។ នៅក្នុងការស្តារបេះដូងឡើងវិញ ក្រុមអ្នកជំនាញសុខភាព​ផ្តល់ការអប់រំ និង​ការ​គាំទ្រ ដើម្បីជួយអ្នកឱ្យបង្កើតនូវទម្លាប់ដែលធ្វើឱ្យមានសុខភាពល្អថ្មីៗ។

  • មិនត្រូវជក់បារី។ ជៀសវាងផ្សែងបារីបង្ហុយចោលផងដែរ។ ការជក់បារីអាចបង្កើនហានិភ័យនៃជំងឺ​គាំងបេះដូង ឬ​ជំងឺគ្រោះថ្នាក់លើសរសៃរឈាមខួរក្បាល។ ប្រសិនបើអ្នកចង់បានជំនួយផ្តាច់បារី សូមពិភាក្សាជាមួយគ្រូពេទ្យរបស់អ្នកអំពីកម្មវិធីផ្តាច់បារី និងឱសថ។ ធ្វើបែបនេះអាចបង្កើនឱកាសរបស់អ្នកក្នុងការផ្តាច់បារីជារៀងរហូត។

  • ញ៉ាំអាហារដែលធ្វើសុខភាពបេះដូងល្អ។ ទាំងនេះរួមមានបន្លែ ផ្លែឈើ គ្រាប់សណ្ដែក សណ្តែក សាច់គ្មានខ្លាញ់ ត្រី និងគ្រាប់ធញ្ញជាតិទាំងមូល។ កាត់បន្ថយអាហារដែលមានខ្លាញ់ឆ្អែត ជាតិសូដ្យូម និងគ្រឿងស្រវឹង។ កាត់បន្ថយភេសជ្ជៈ និងអាហារដែលមានជាតិស្ករបន្ថែម។

  • ប្រសិនបើវេជ្ជបណ្ឌិតណែនាំវា សូមហាត់ប្រាណបន្ថែម។ សួរវេជ្ជបណ្ឌិត​របស់​អ្នក​ថាតើ ការធ្វើលំហាត់ប្រាណ​កម្រិតណា​ដែល​មាន​សុវត្ថិភាព​សម្រាប់អ្នក។ ការដើរជាជម្រើស​មួយដ៏ប្រសើរ។ បង្កើនចំនួនជំហានដែលអ្នកដើរជារៀងរាល់ថ្ងៃបន្តិចម្ដងៗ។ ព្យាយាមយ៉ាង​ហោចណាស់ 30 នាទីនៅថ្ងៃភាគច្រើននៃសប្តាហ៍។ អ្នកក៏ប្រហែលជាចង់ហែលទឹក ជិះកង់ ឬធ្វើសកម្មភាពផ្សេងទៀតផងដែរ។

  • រក្សាទម្ងន់ដែលមានសុខភាពល្អ។ សម្រកទម្ងន់ ប្រសិនបើចាំបាច់។

  • គ្រប់គ្រងបញ្ហាសុខភាពផ្សេងទៀត។ បញ្ហាទាំងនេះរួមមាន ជំងឺទឹកនោម ការឡើងសម្ពាធឈាមខ្ពស់ និង​កូលេស្តេរ៉ុល​ខ្ពស់​។ ប្រសិនបើអ្នកគិតថាអ្នកប្រហែល​ជា​មានបញ្ហាជាមួយ​នឹង​ការ​សេពគ្រឿង​ស្រវឹង ឬ​គ្រឿងញៀន សូមពិគ្រោះជាមួយវេជ្ជបណ្ឌិត​របស់អ្នក។

  • ប្រសិនបើអ្នកមានរោគសញ្ញានៃការចុកដើមទ្រូង សូមយកចិត្ត​ទុកដាក់​ចំពោះ​រោគ​សញ្ញា​រ​បស់អ្នក។ ធ្វើបែននេះអាច​ជួយ​អ្នកដឹង​ពីអ្វីដែលបណ្តាលឱ្យមាន​រោគសញ្ញាទាំងនេះ និង​អ្វី​​ដែលជាលក្ខណៈ​​ធម្មតា​សម្រាប់អ្នក។

  • ជៀសវាងការផ្តាសាយ និងគ្រុនផ្តាសាយធំ។ ទទួលការចាក់វ៉ាក់សាំងបង្ការជំងឺរលាកសួត។ ប្រសិនបើអ្នកធ្លាប់ចាក់ពីមុនរួច សូមសួរវេជ្ជបណ្ឌិតរបស់អ្នកថាតើអ្នកត្រូវការដូសផ្សេងទៀតដែរឬទេ។ ចាក់វ៉ាក់សាំងបង្ការជំងឺគ្រុនផ្តាសាយជារៀងរាល់ឆ្នាំ។ ប្រសិនបើអ្នកត្រូវតែនៅជុំវិញមនុស្សដែលផ្តាសាយ ឬគ្រុនផ្តាសាយធំ សូមលាងដៃឱ្យបានញឹកញាប់។

  • ប្រសិនបើអ្នកគិតថាអ្នកមានរោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្ត សូម​ពិគ្រោះជា​មួយ​វេជ្ជបណ្ឌិត​របស់អ្នក។ រោគសញ្ញារួមមាន អារម្មណ៍សោកសៅ ឬអស់សង្ឃឹមស្ទើរតែ​គ្រប់ពេល ឬ​បាត់​បង់​ចំណាប់​អារម្មណ៍លើ​សកម្មភាពដែលធ្លាប់ធ្វើឱ្យអ្នកសប្បាយចិត្ត។

តើពេលណាដែលអ្នកគួរហៅសុំជំនួយ?

ទូរសព្ទ 911 គ្រប់​ពេល​ដែល​អ្នក​គិត​ថា​អ្នកអាចត្រូវការ​ការថែ​ទាំ​បន្ទាន់។ ឧទាហរណ៍ សូមទូរសព្ទប្រសិនបើ៖

  • អ្នកមានរោគសញ្ញានៃជំងឺគាំងបេះដូង។ ទាំងនេះអាចរួមមាន៖ បន្ទាប់ពីអ្នកបានហៅ 911 ប្រតិបត្តិករអាចប្រាប់អ្នកឱ្យទំពារថ្នាំមនុស្សពេញវ័យ 1 គ្រាប់ ឬថ្នាំអាស្ពីរីនដូសទាបពី 2 ទៅ 4 គ្រាប់។ រង់ចាំឡានពេទ្យ។ កុំព្យាយាមបើកបរខ្លួនឯង។

    • ការឈឺទ្រូង ឬសម្ពាធលើទ្រូង ឬអារម្មណ៍ចម្លែកនៅក្នុងទ្រូង។

    • បែកញើស។

    • ការ​ដង្ហក់។

    • ចង្អោរ ឬក្អួត។

    • ការឈឺចាប់ សម្ពាធ ឬអារម្មណ៍ចម្លែកមួយនៅខាងក្រោយ ក ថ្គាម ឬពោះផ្នែកខាងលើ ឬនៅក្នុងស្មា ឬដៃម្ខាង ឬទាំងសងខាង។

    • អារម្មណ៍ធីងធោង ឬល្ហិតល្ហៃភ្លាមៗ។

    • ចង្វាក់បេះដូងលោតលឿន ឬមិនទៀងទាត់។

  • អ្នកមានរោគសញ្ញាឈឺចាប់បេះដូង (ដូចជាឈឺចុកទ្រូង ឬសម្ពាធជា​ដើម) ដែលមិនបាត់ទៅវិញដោយសម្រាក ឬមិនធូរស្រាល​ក្នុង​រយៈ​ពេល 5 នាទីក្រោយពេលលេបថ្នាំ nitroglycerin មួយកម្រិត។

  • អ្នកបានសន្លប់ (បាត់បង់ស្មារតី)។​

សូមហៅទូរសព្ទទៅវេជ្ជបណ្ឌិតរបស់អ្នកភ្លាម ឬស្វែង​រក​ការ​ថែទាំផ្នែក​វេជ្ជសាស្ត្រជាបន្ទាន់ ប្រសិនបើ៖

  • អ្នកកំពុងមានរោគសញ្ញានៃការឈឺចាប់បេះដូងដូចជា​ការចុកទ្រូង​ ឬ​ស​​ម្ពាធជាញឹកញាប់ជាងធម្មតា ឬការឈឺចាប់នោះមានភាពខុសគ្នា ឬខ្លាំងជាងធម្មតា។

  • អ្នកមានដង្ហើមខ្លីថ្មីៗ ឬកាន់តែខ្លី ។

  • អ្នកវិលមុខ ឬធីងធោង ឬអ្នកមានអារម្មណ៍ថាអ្នកអាចនឹងដួលសន្លប់។

តាមដានដោយយកចិត្តទុកដាក់ចំពោះការប្រែប្រួលសុខភាពអ្នក ហើយ​សូម​ប្រាកដថា អ្នកទាក់ទងទៅវេជ្ជបណ្ឌិតរបស់អ្នក ប្រសិន​បើអ្នក​មាន​បញ្ហា​​សុខ​ភាព​ណាមួយ។

បច្ចុប្បន្នជា: 4 តុលា 2023

កំណែមាតិកា: 14.0

ការណែនាំអំពីការថែទាំដែលត្រូវបានកែសម្រួលក្រោមអាជ្ញាប័ណ្ណដោយ អ្នកជំនាញថែទាំសុខភាពរបស់អ្នក។ ប្រសិនបើអ្នកមានសំណួរអំពីស្ថានភាពសុខភាព ឬការណែនាំនេះ សូមសួរអ្នកជំនាញថែទាំសុខភាពរបស់អ្នកជានិច្ច។ Healthwise, Incorporated បដិសេធការធានា ឬការទទួលខុសត្រូវណាមួយសម្រាប់ការប្រើប្រាស់ព័ត៌មាននេះរបស់អ្នក។

© 2006-2025 Healthwise, Incorporated.