ជំងឺស្ទះសួតរ៉ាំរ៉ៃ (COPD)៖ការណែនាំអំពីការថែទាំ

Chronic Obstructive Pulmonary Disease (COPD): Care Instructions

ទិដ្ឋភាពទូទៅ​

../images/04499e393f3a76669c64bf068a755ebb.jpg

ជំងឺ​ស្ទះសួត​រ៉ាំ​រ៉ៃ (COPD) គឺ​ជា​ជំងឺ​សួត​ដែល​ធ្វើ​ឲ្យ​ពិបាក​ដកដង្ហើម។ ជាមួយនឹង COPD ផ្លូវដង្ហើម​ដែល​នាំ​ឱ្យ​មាន​សួតត្រូវបានរួមតូច ហើយថង់ខ្យល់តូចៗនៅក្នុងសួតត្រូវបានខូចខាត និងបាត់បង់​ការ​លាតរបស់វា។ អ្នកដែលមានជំងឺស្ទះសួតបានថយចុះលំហូរខ្យល់ចូល និងចេញពីសួត​ដែលធ្វើឱ្យពិបាកដកដង្ហើម។ ផ្លូវដង្ហើមក៏អាចស្ទះដោយស្លេសក្រាស់ផងដែរ។ ការជក់បារីគឺជាបុព្វហេតុចំបងនៃជំងឺស្ទះសួតរ៉ាំរ៉ៃ។

ទោះបីជាមិនមានការព្យាបាលជំងឺស្ទះសួតរ៉ាំរ៉ៃក៏ដោយ ក៏អ្នកអាចបន្ថយការវិវត្តរបស់វាបានដែរ។ ការអនុវត្តតាមផែនការព្យាបាលរបស់អ្នក​ និងថែទាំខ្លួន​អ្នកអា​ចជួ​យ​អ្ន​ក​ឱ្យ​មានអារម្មណ៍ធូរស្រាល និងរស់បានយូរ។

ការ​ថែទាំតាមដាន​ គឺជា​ផ្នែកមួយដ៏សំខាន់ សម្រាប់ការព្យាបាល និង​សុវត្ថិភាព​របស់អ្នក។ សូមប្រាកដ​ថា អ្នកណាត់ជួប និងទៅជួបគ្រូពេទ​គ្រប់ពេល និង​ទូរស​ព្ទទៅ​វេជ្ជបណ្ឌិត​របស់អ្នក​​ប្រសិនបើអ្នក​មានបញ្ហា។ វាក៏ជាគំនិតមួយល្អដែរក្នុងការដឹងអំពីលទ្ធផលធ្វើតេស្តជំងឺ​របស់អ្នក និងរក្សាទុកបញ្ជីថ្នាំដែលអ្នកប្រើ។

តើអ្នកអាចថែទាំខ្លួនអ្នក​នៅផ្ទះបាន​តាម​របៀបណា?

បន្តរក្សា​​សុខភាពល្អ

  • មិនត្រូវជក់បារី។ នេះគឺជាជំហានសំខាន់បំផុតដែលអ្នកអាចអនុវត្តបាន​ដើម្បី​បង្ការ​ការ​ខូច​សួត​របស់​អ្នកកាន់តែខ្លាំង។ ប្រសិនបើអ្នកចង់បានជំនួយផ្តាច់បារី សូមពិភាក្សាជាមួយ​វេជ្ជបណ្ឌិត​របស់អ្នកអំពីឱសថ និងកម្មវិធីផ្តាច់បារី។ ធ្វើបែបនេះអាចបង្កើនឱកាសរបស់អ្នកក្នុងការផ្តាច់បារីជារៀងរហូត។

  • ជៀសវាងការឆ្លងជំងឺផ្តាសាយ និងជំងឺឆ្លងផ្សេងៗទៀត។ ចាក់វ៉ាក់សាំងបង្ការ​ជំងឺរលាកសួត និងក្អកមាន់ (ជំងឺក្អកមាន់) ។ ប្រសិនបើអ្នកបានចាក់វ៉ាក់សាំងទាំងនេះ​ពីមុនមក សូមសួរ​វេជ្ជបណ្ឌិត​របស់​អ្នក​ថាតើអ្នកត្រូវដូសផ្សេងទៀតដែរឬទេ។ ចាក់វ៉ាក់សាំងបង្ការជំងឺគ្រុនផ្តាសាយរៀងរាល់រដូវស្លឹកឈើជ្រុះ។ ប្រសិនបើអ្នកត្រូវតែនៅក្បែរមនុស្សដែលមានជំងឺផ្តាសាយ ឬគ្រុនផ្តាសាយធំ សូមលាងដៃឱ្យបានញឹកញាប់។

  • ជៀសវាងផ្សែងបារីបង្ហុយចោល និងការបំពុលខ្យល់។ ព្យាយាមនៅក្នុងផ្ទះ​ដោយ​បិទបង្អួចរបស់អ្នក​ នៅពេលមាន​ការបំពុល​ខ្យល់​មិន​ល្អ។

ការព្យាបាលដោយប្រើថ្នាំ និងអុកស៊ីសែន។

  • ប្រើប្រាស់ថ្នាំរបស់អ្នកឱ្យបានត្រឹមត្រូវទៅតាមវេជ្ជបញ្ជា។ សូមទូរសព្ទទៅវេជ្ជបណ្ឌិតរបស់អ្នក ប្រសិនបើអ្នកមានបញ្ហាជាមួយថ្នាំរបស់អ្នក។ អ្នកប្រហែលជាត្រូវលេបថ្នាំដូចជា៖

    • ថ្នាំបាញ់ពង្រីកទងសួត។ ថ្នាំទាំងនេះជួយបើកផ្លូវដង្ហើមរបស់អ្នក និង​ធ្វើ​ឱ្យ​ការ​ដក​ដង្ហើម​កាន់​តែ​ងាយ​ស្រួល​។ ពួកវាមានទាំងសកម្មភាពខ្លី (ធ្វើការពី 4 ទៅ 9 ម៉ោង) ឬសកម្មភាពយូរ (ធ្វើ​ការ​ពី 12 ទៅ 24 ម៉ោង)។ អ្នកស្រូបយកថ្នាំ​បាញ់ពង្រីកទងសួត​ច្រើន ដូច្នេះ​ពួកវា​ចាប់ផ្តើម​ធ្វើ​សកម្មភាព​យ៉ាងឆាប់រហ័ស។ ត្រូវយកបំពង់ហឺតសង្គ្រោះ​រហ័សតាមខ្លួនអ្នក​ជានិច្ច​ក្នុង​ករណី​ដែល​អ្នក​ត្រូវ​ការ​វា។

    • ថ្នាំគ័រទីកូស្ដេរ៉ូអ៊ីត (Prednisone, budesonide) ។ ថ្នាំទាំងនេះកាត់បន្ថយការរលាកផ្លូវដង្ហើម។ ពួកវាចូលនៅក្នុងទម្រង់ស្រូបចូល ឬថ្នាំគ្រាប់។

  • សួរវេជ្ជបណ្ឌិត​ ឬឱសថការីរបស់អ្នក ថាតើអ្នកកំពុងប្រើបំពង់ហឺត​ប្រភេទ​នីមួយៗត្រឹមត្រូវដែរឬទេ។ ជាមួយនឹងការប្រើប្រាស់ដែលត្រឹមត្រូវ ថ្នាំទំនងជា​ងាយ​នឹង​ទៅ​ដល់​សួត​របស់​អ្នកកាន់តែច្រើន​។

  • មើលថាតើប្រដាប់រក្សាគម្លាតត្រឹមត្រូវសម្រាប់អ្នកដែរឬទេ។ ប្រដាប់រក្សាគម្លាតក៏​អាចជួយ​​ឱ្យអ្នក​ស្រូបថ្នាំចូលក្នុងសួត​របស់​អ្នក​កាន់​តែ​ច្រើន​ផងដែរ។ ប្រសិនបើអ្នកប្រើវា សូមសួរពីរបៀបប្រើវាឱ្យបានត្រឹមត្រូវ។

  • កុំលេបថ្នាំវីតាមីន ថ្នាំគ្មាន​វេជ្ជបញ្ជា ឬផលិតផល​រុក្ខជាតិ​ដោយមិនបាន​ពិគ្រោះ​ ​ជាមួយវេជ្ជបណ្ឌិត​របស់អ្នក​ជាមុន។

  • ប្រសិនបើវេជ្ជបណ្ឌិតរបស់អ្នកបានចេញវេជ្ជបញ្ជាឱ្យប្រើឱសថផ្សះ សូមប្រើវាទៅតាមការណែនាំ។ មិនត្រូវបញ្ឈប់ការប្រើប្រាស់វាដោយសារតែអ្នកមានអារម្មណ៍ធូរស្រាលនោះទេ។ អ្នកចាំបាច់ត្រូវប្រើប្រាស់ឱសថផ្សះឱ្យបានពេញលេញ។

  • ប្រសិនបើអ្នកប្រើការព្យាបាលដោយអុកស៊ីសែន សូមប្រើអត្រា​លំហូរ​ដែល​វេជ្ជបណ្ឌិត​របស់អ្នក​បានណែនាំ។ កុំផ្លាស់ប្តូរវាដោយមិនបាន​ពិគ្រោះជាមួយវេជ្ជបណ្ឌិត​របស់​អ្នក​ជាមុន។ ការព្យាបាលដោយប្រើអុកស៊ីសែនបង្កើនបរិមាណអុកស៊ីសែននៅក្នុង​ឈាម​របស់អ្នក និងជួយអ្នកដកដង្ហើមកាន់តែងាយស្រួល។

សកម្មភាព

  • ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់។ ការដើរគឺជាវិធីងាយស្រួលក្នុងការធ្វើលំហាត់ប្រាណ។ ចាប់ផ្តើមយឺតៗ ហើយដើរបន្ថែមបន្តិចម្ដងៗជារៀងរាល់ថ្ងៃ។

  • យកចិត្តទុកដាក់ចំពោះដំណកដង្ហើមរបស់អ្នក។ អ្នកកំពុងហាត់ប្រាណខ្លាំងពេក ប្រសិនបើអ្នកមិន​អាចនិយាយ​បាន​នៅពេល​អ្នក​ហាត់​ប្រាណ។

  • ធ្វើការសម្រាកក្នុងរយៈពេលខ្លី នៅពេល​កំពុង​ធ្វើកិច្ចការ​ផ្ទះ និង​សកម្មភាព​ផ្សេងៗទៀត។

  • សិក្សាវិធីដកដង្ហើម—ដូចជាការដកដង្ហើមដោយបបូរមាត់បិទជិត—ដើម្បី​ជួយ​ឱ្យអ្នកមិនសូវមានដង្ហើមខ្លី។

  • ប្រសិនបើវេជ្ជបណ្ឌិត​របស់អ្នក​មិនបានរៀបចំកម្មវិធីស្តារនីតិសម្បទាសួតឡើងវិញទេ សូម​សួរថាតើការស្តារឡើងវិញគឺត្រឹមត្រូវសម្រាប់អ្នកដែរឬទេ។ ការស្តារឡើងវិញរួមមាន កម្មវិធីហាត់ប្រាណ ការអប់រំអំពីជំងឺរបស់អ្នក និងរបៀប​​គ្រប់​គ្រង ដែលវាជួយដល់របបអាហារ និងការផ្លាស់ប្តូរផ្សេងទៀត​ព្រមទាំង​​ការ​គាំទ្រ​ខាងអារម្មណ៍។

របបអាហារ

  • ញ៉ាំអាហារដែលធ្វើឱ្យមានសុខភាពល្អ និងទៀងទាត់។

  • ប្រើថ្នាំបាញ់ពង្រីកទងសួតប្រហែល 1 ម៉ោងមុនពេលញ៉ាំ ដើម្បី​ធ្វើឱ្យ​ងាយ​ស្រួល​ក្នុង​ការបរិភោគ។

  • ញ៉ាំអាហារតូចៗជាច្រើនឱយ​បាន​ញឹកញាប់​ ដើម្បីបង្ការកុំឱ្យឆ្អែតពេក។ ក្រពះពេញអាចរុញលើសាច់ដុំ ដែលជួយអ្នកដកដង្ហើម (សន្ទះទ្រូង​របស់​អ្នក​) និងធ្វើឱ្យពិបាកដកដង្ហើម។

  • ផឹកភេសជ្ជៈបន្ទាប់ពីញាំអាហារ។

  • ជៀសវាងអាហារណាដែលពិបាកនឹងទំពារ។

  • ញ៉ាំអាហារដែលមានជាតិប្រូតេអ៊ីន ដូច្នេះអ្នកមិនបាត់បង់ម៉ាសសាច់ដុំទេ។

  • ពិគ្រោះជាមួយវេជ្ជបណ្ឌិត​របស់អ្នក ប្រសិនបើ​អ្នកឡើង​ទម្ងន់ច្រើនពេក ឬ​ប្រសិន​បើអ្នក​ស្រកទម្ងន់ដោយមិនបានព្យាយាម។

សុខភាពផ្លូវចិត្ត

  • ពិគ្រោះជាមួយគ្រួសារ មិត្តភក្តិ ឬអ្នកព្យាបាលរោគរបស់អ្នក​អំពី​អារម្មណ៍​របស់​អ្នក​។ មនុស្សមួយចំនួនមានអារម្មណ៍ ភ័យខ្លាច ខឹង អស់សង្ឃឹម គ្មានទីពឹង និង​សូម្បីតែ​កំហុស​។ ការនិយាយដោយបើកចំហអំពីអារម្មណ៍អាចជួយឱ្យអ្នកដោះស្រាយបាន។ ប្រសិនបើអារម្មណ៍ទាំងនេះមានរយៈពេលយូរ សូមពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​របស់​អ្នក។

តើពេលណាដែលអ្នកគួរហៅសុំជំនួយ?

ទូរសព្ទ 911 គ្រប់​ពេល​ដែល​អ្នក​គិត​ថា​អ្នកអាចត្រូវការ​ការថែ​ទាំ​បន្ទាន់។ ឧទាហរណ៍ សូមទូរសព្ទ ប្រសិនបើ៖

  • អ្នកបញ្ហាក្នុងការពិបាកដកដង្ហើមខ្លាំង។

  • អ្នកកំពុងឈឺទ្រូងដែលខុសពី​ធម្មតា ឬអាក្រក់ជាងធម្មតា។

សូមហៅទៅកាន់​វេជ្ជបណ្ឌិតរបស់អ្នកឥឡូវនេះ ឬស្វែងរកការថែទាំវេជ្ជសាស្ត្រជាបន្ទាន់ ប្រសិនបើ៖

  • អ្នកចាប់ផ្តើមមានបញ្ហាពិបាកដកដង្ហើម ឬបញ្ហាដកដង្ហើមកាន់តែពិបាកជាងមុន។

  • អ្នកក្អក​មាន​ឈាម។

  • អ្នកមាន​គ្រុនក្តៅ។

  • អ្នកមានអារម្មណ៍ថប់បារម្ភ ឬធ្លាក់​ទឹកចិត្ត។

តាមដានឲ្យបានដិតដល់រាល់ការប្រែប្រួលសុខភាពរបស់អ្នក ហើយសូមប្រាកដថា​បាន​ ទាក់ទងទៅវេជ្ជបណ្ឌិតរបស់អ្នក ប្រសិនបើ៖

  • អ្នកក្អកកាន់តែខ្លាំង ឬកាន់តែញឹកញាប់ ជាពិសេសប្រសិនបើអ្នកកត់សម្គាល់​ឃើញមាន​ទឹក​សំបោរ​កាន់​តែ​ច្រើន ឬទឹកសំបោររបស់អ្នកមានការប្រែពណ៌។

  • អ្នក​មាន​ការ​ហើម​ថ្មី ឬ​ការ​ហើម​កាន់​តែអាក្រក់​នៅក្នុងជើង ឬពោះរបស់អ្នក។

  • អ្នកមិនបានធូរស្បើយតាមការរំពឹងទុក។

បច្ចុប្បន្នជា: 7 តុលា 2023

កំណែមាតិកា: 14.0

ការណែនាំអំពីការថែទាំដែលត្រូវបានកែសម្រួលក្រោមអាជ្ញាប័ណ្ណដោយ អ្នកជំនាញថែទាំសុខភាពរបស់អ្នក។ ប្រសិនបើអ្នកមានសំណួរអំពីស្ថានភាពសុខភាព ឬការណែនាំនេះ សូមសួរអ្នកជំនាញថែទាំសុខភាពរបស់អ្នកជានិច្ច។ Healthwise, Incorporated បដិសេធការធានា ឬការទទួលខុសត្រូវណាមួយសម្រាប់ការប្រើប្រាស់ព័ត៌មាននេះរបស់អ្នក។

© 2006-2025 Healthwise, Incorporated.